ពិធីបុណ្យអុំទូក ជាព្រះរាជពិធីដ៏សំខាន់មួយរបស់ជាតិខ្មែរ។ ថ្ងៃនេះយើងសូមលើកយកពីប្រវត្តិនៃពិធីបុណ្យអុំទូកមកចែកជូនប្រិយមិត្តបានស្វែងយល់បន្ថែម។
ប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់យ៉ាងច្បាស់ថា ពិធីបុណ្យអុំទូកដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃ១៤, ១៥កើត និងថ្ងៃ១រោច ខែកត្ដិក ជាបុណ្យប្រពៃណីជាតិរបស់ខ្មែរធំមួយដែលប្រជាពលរដ្ឋបានប្ររព្ធឡើងជាច្រើនរយឆ្នាំមកហើយ ដោយមានប្រភពដើមចេញពីប្រវត្តិសាស្ត្រខ្មែរពិតៗ។ ពិធីនេះមានប្រវត្តិតាំងពីបុរាណកាលមក ហើយបានចែងទុកក្នុងឯកសារជាតិ អន្តរជាតិ ពិសេសបានចារទុកលើសិលាចារឹកក៏ដូចជាជញ្ជាំងប្រាសាទខ្មែរនានាថែមទៀត។
ពិធីបុណ្យប្រពៃណីនេះមានការរីកចម្រើនជាខ្លាំងក្នុងសង្គមខ្មែរនាសម័យអង្គរ ពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១២ និងសម័យលង្វែក ពុទ្ធសករាជ២០៧១ គ្រិស្ដសករាជ១៥២៨។ ព្រះបាទជ័យវរ្ម័នទី៧ ស្ដេចខ្លាំងពូកែរបស់ខ្មែរដែលធ្វើសង្គ្រាមលើទឹកបង្ក្រាបបច្ចាមិត្ត ដោយកងទ័ពព្រះអង្គប្រើទូកធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជាឱ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ។ រឿងចម្បាំងទាំងនេះ បុព្វបុរសខ្មែរបានឆ្លាក់លើជញ្ជាំងប្រាសាទបាយ័ន និងជញ្ជាំងប្រាសាទបន្ទាយឆ្មារ ដែលព្រះឆាយាលក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ស្ថិតលើនាវាចម្បាំងកាន់ធ្នូ ដំបង និងមានកងទ័ពយ៉ាងច្រើនមហិមា។
នៅសម័យលង្វែក ព្រះអង្គចន្ទទី១ ទ្រង់តាំងព្រះពញាតាត ងារជាសិទ្ធិភូបាល ស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ឱ្យរៀបចំកងទ័ពជើងទឹក ចែកចេញជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួច ហាត់ច្បាំងដោយទូកង, ក្រុមទី២ ជាទ័ពជំនួយ ហាត់ច្បាំងដោយទូកចែវពីរជួរ និងទី៣ ជាទ័ពបាសាក់ ប្រើទូកធំមួយកាត់ មានក្ដោងដូចទូកប៉ុកចាយ ប្រក់ដំបូល មានរាងស្ដួចវែងសម្រាប់ផ្ទុកស្បៀងកងទ័ព។
កាលដើមឡើយទូកដែលចូលរួមប្រណាំងមានតែបីប្រភេទប៉ុណ្ណោះ មានទូកប៉ុកចាយ ទូកអុំ និងទូកចែវ។ ទូកទាំងបីប្រភេទនេះមានទូកបុរស និងទូកនារី ដាច់ដោយឡែកពីគ្នា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មការបុណ្យជាតិបានអនុញ្ញាតឱ្យមានទូកបរទេសក្នុងការចូលរួមប្រណាំងជាលក្ខណៈប្រពៃណីដែរ។ ឯចំណុះកីឡាករក្នុងទូកនីមួយៗមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទទូកដែរ គឺទូកខ្លីមានចំនួនពី២០ ទៅ៣០នាក់ និងទូកវែងមានចំនួនពី៤០ ទៅ៥០ នាក់។
មកដល់សព្វថ្ងៃនេះ ចំណុះទូកមានការប្រែប្រួលច្រើន គឺទូកវែងមានចំនួនកីឡាកររហូតដល់ ៧០នាក់ក្នុងមួយទូក។ ការចូលរួមភាគច្រើនគឺមកពីខែត្រក្នុងដែលនៅជាប់ដងទន្លេ ដូចជា រាជធានីភ្នំពេញ ខែត្រកណ្ដាល កំពង់ចាម ក្រចេះ ព្រៃវែង ស្ទឹងត្រែងជាដើម ហើយក៏ខែត្រទាំងនេះជាខែត្រដែលមានចំនួនទូកច្រើនជាងគេ។ ក្រៅពីនេះក៏មានទូកមកពីខែត្រមួយចំនួនទៀត ដូចជា ខែត្រកំពង់ឆ្នាំង កំពង់ធំ តាកែវ សៀមរាម ពោធិ៍សាត់ បាត់ដំបង ផងដែរ។ អ្វីដែលពិសេសគឺទូកដែលចូលរួមមានស្ទើរទូទាំងប្រទេស សូម្បីតែខែត្រដែលគ្មានទន្លេ ស្ទឹង សោះក៏ចូលរួមដែរ ដូចជា កំពង់ស្ពឺ រតនគិរី ត្បូងឃ្មុំ ជាដើម។
ចំពោះការជ្រើសរើសកីឡាករប្រណាំងទូក ជាប្រការសំខាន់តម្រូវឱ្យមានគុណសម្បត្តិជាចម្បង។ ថ្វីដ្បិតតែការប្រណាំងទូកជាការកម្សាន្តតាមបែបប្រពៃណី ប៉ុន្តែក៏ទាមទារឱ្យកីឡាករមានកាយសម្បទាគ្រប់គ្រាន់ និងរឹងមាំ។ អ្វីដែលត្រូវការបំផុតនោះ គឺកីឡាករត្រូវតែចេះហែលទឹក។ ការប្រកួតទៀតសោត កីឡាករគ្រប់រូបចាំបាច់ត្រូវតែគោរពវិន័យរបស់គណៈកម្មការរៀបចំអុំទូកកំណត់ និងត្រូវចេះយល់ចិត្តគ្នា ព្រោះថាការប្រកួតអុំទូកត្រូវប្រព្រឹត្តជាក្រុម ប្រសិនបើគ្មានការយល់ចិត្តគ្នា ការអធ្យាស្រ័យគ្នាទេនោះ នឹងអាចប៉ះពាល់ដល់ក្រុមខ្លួន អាចដូចនឹងពាក្យស្លោកមួយថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”។
ប៉ុន្តែទោះបីជាយ៉ាងណាក៏គណៈកម្មការបុណ្យអុំទូកបានត្រៀមរួចជាស្រេចក្នុងការជួយសង្គ្រោះលើគ្រោះថ្នាក់ណាមួយដែលនឹងអាចកើតមានជាយថាហេតុ។ ទាំងសម្ភារៈ ទាំងឧបកណ៍ជំនួយមានដូចជា កប៉ាល់ ទូក អូប៊័រ និងក្រុមជួយអ្នករងគ្រោះ ជាដើម។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ នេះមានខេត្តជាច្រើនដែលប្រារព្ធពិធីប្រណាំងទូក ក្នុងមានដូចជា ខែត្រកណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម ពោធិ៍សាត់ តាកែវ កំពត កំពង់ធំ សៀមរាម ជាដើម។ ការប្រណាំងទូកក្នុងខែត្រនីមួយៗមិនបានប្រព្រឹត្តទៅក្នុងថ្ងៃមួយដូចមានកំណត់ក្នុងប្រតិទិនខ្មែរនោះទេ៕
Ещё видео!